ព្រះត្រៃបិដក ភាគ ៨០
[១៦៦] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាកម្មន្តៈ តើដូចម្តេច។ ការវៀរចាកបាណាតិបាត ការវៀរចាកអទិន្នាទាន ការវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ។
[១៦៧] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាអាជីវៈ តើដូចម្តេច។ អរិយសាវ័កក្នុងសាសនានេះ លះបង់ការចិញ្ចឹមជីវិតខុស ហើយសម្រេចជីវិត ដោយការចិញ្ចឹមជីវិតត្រូវ នេះហៅថា សម្មាអាជីវៈ។
[១៦៨] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាវាយាមៈ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទះឲ្យកើត ប្រឹងប្រែង ប្រារព្ធសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់អកុសលធម៌ដ៏លាមក ដែលកើតហើយ។បេ។ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ដើម្បីញុំាងពូកកុសលធម៌ ដែលកើតហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែចម្រើនឡើង ឲ្យធំទូលាយឡើង ឲ្យចម្រើនពោរពេញឡើង នេះហៅថា សម្មាវាយាមៈ។
ID: 637647250693303118
ទៅកាន់ទំព័រ៖