ព្រះត្រៃបិដក ភាគ ៨០
[១៩៥] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេសដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[១៩៦] បណ្តាសច្ចៈ ទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហាក្តី ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខសមុទ័យ។
[១៩៧] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
ID: 637647253518459571
ទៅកាន់ទំព័រ៖