ព្រះត្រៃបិដក ភាគ ៨០
[១៩៨] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះនូវតណ្ហាក្តី នូវពួកកិលេសដ៏សេសក្តី នូវពួកអកុសលធម៌ដ៏សេសក្តី នូវពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី នូវពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខនិរោធ។
[១៩៩] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ ប្រការ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេស ដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[២០០] សច្ចៈ ៤ គឺទុក្ខ ១ ទុក្ខសមុទ័យ ១ ទុក្ខនិរោធ១ ទុក្ខនិរោធគាមិនីបដិបទា ១។
[២០១] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហា នេះហៅថា ទុក្ខសមុទ័យ។
ID: 637647253808615669
ទៅកាន់ទំព័រ៖