ព្រះត្រៃបិដក ភាគ ៨០
[២០៥] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាទិដ្ឋិ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គរាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ។
[២០៦] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាសង្កប្បៈ តើដូចម្តេច។ សេចក្តីជញ្ជឹង សេចក្តីត្រិះរិះ សេចក្តីត្រិះរិះត្រូវ។បេ។ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសង្កប្បៈ។
[២០៧] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាវាយាមៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សេចក្តីព្យាយាមត្រូវ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាយាមៈ។
[២០៨] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាសតិ តើដូចម្តេច។ ការរលឹក ការនឹកឃើញ។បេ។ ការរលឹកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសតិ។
[២០៩] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាសមាធិ តើដូចម្តេច។ ការតម្កល់ចិត្ត។បេ។ សមាធិត្រូវ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ។
ID: 637647254477521915
ទៅកាន់ទំព័រ៖