ព្រះត្រៃបិដក ភាគ ៨០

 [២១៩] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ​សមុទ័យ តើ​ដូចម្តេច។ តណ្ហា​ក្តី ពួក​កិលេស​ដ៏​សេស​ក្តី ពួក​អកុសលធម៌​ដ៏​សេស​ក្តី ពួក​កុសល​មូល​ទាំង ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី ពួក​កុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ដ៏​សេស​ក្តី នេះ​ហៅថា​ទុក្ខ​សមុទ័យ។
 [២២០] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ តើ​ដូចម្តេច។ ពួក​វិបាក​នៃ​ធម៌​ទាំងឡាយ​ជាកុសល និង​អកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី ទាំង​ពួក​ធម៌​ណា ដែល​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល មិនមែន​កម្មវិបាក​ក្តី រូប​ទាំងអស់​ក្តី នេះ​ហៅថា ទុក្ខ។
 [២២១] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខនិរោធ តើ​ដូចម្តេច។ កិរិយា​លះ​នូវ​តណ្ហា​ក្តី នូវ​ពួក​កិលេស​ដ៏​សេស​ក្តី នូវ​ពួក​អកុសលធម៌​ដ៏​សេស​ក្តី នូវ​ពួក​កុសល​មូល​ទាំង ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក្តី នូវ​ពួក​កុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ដ៏​សេស​ក្តី នេះ​ហៅថា ទុក្ខនិរោធ។
 [២២២] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខនិរោធ​គាមិនី​បដិបទា តើ​ដូចម្តេច។ សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637647255611428120
ទៅកាន់ទំព័រ៖