ព្រះត្រៃបិដក ភាគ ៨០
មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ សច្ចៈ ២ មានវិបាកធម៌ជាប្រក្រតី និរោធសច្ច មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ទុក្ខសច្ច ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ សមុទយសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទុក្ខសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន។ សមុទយសច្ច ជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង សច្ចៈ ២ ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទុក្ខសច្ចជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន ជាធម៌មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន។ សមុទយសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈ និរោធសច្ច ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មគ្គសច្ច
ID: 637647256126896976
ទៅកាន់ទំព័រ៖