ព្រះត្រៃបិដក ភាគ ៨០

វេទនា​មិន​ឆ្ងាញ់​ពិសា​ជា​ទុក្ខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា នេះ​ហៅថា ទោ​មនស្សិ​ន្ទ្រិយ។ បណ្តា​ឥន្ទ្រិយ​ទាំងនោះ ឧបេ​ក្ខិន្ទ្រិយ តើ​ដូចម្តេច។ ការ​មិន​ឆ្ងាញ់​ពិសា មិនមែន​ជា​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិនជា​ទុក្ខ មិនជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​មិនជា​ទុក្ខ មិនជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា នេះ​ហៅថា ឧបេ​ក្ខិន្ទ្រិយ។
 [២៤០] បណ្តា​ឥន្ទ្រិយ​ទាំងនោះ សទ្ធិន្ទ្រិយ តើ​ដូចម្តេច។ សទ្ធា ការ​ជឿ ការ​ញុំាង​ចិត្ត​ឲ្យ​ចុះ​ស៊ប់ សេចក្តី​ជ្រះថ្លា​ខ្លាំង គឺ​សទ្ធា សទ្ធិន្ទ្រិយ សទ្ធា​ពលៈ​ណា នេះ​ហៅថា សទ្ធិន្ទ្រិយ។ បណ្តា​ឥន្ទ្រិយ​ទាំងនោះ វីរិយិ​ន្ទ្រិយ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ឱហាត សង្វាត ខ្មីឃ្មាត ព្យាយាម ខិតខំ ខំ​ពេញទំហឹង ខ្នះខ្នែង ខ្ជាប់ខ្ជួន សេចក្តី​សង្វាត មិន​បន្ធូរបន្ថយ ការ​មិន​ដាក់ចុះ​នូវ​សេចក្តី​ប្រាថ្នា ការ​មិន​ដាក់ធុរៈ​ចោល ការ​ផ្គង​ធុរៈ គឺ​វីរិយៈ វីរិយិ​ន្ទ្រិយ វីរិយ​ពលៈ សម្មា​វាយាមៈ​ណា នេះ​ហៅថា វីរិយិ​ន្ទ្រិយ។ បណ្តា ឥន្ទ្រិយ​ទាំងនោះ សតិ​ន្ទ្រិយ តើ​ដូចម្តេច។ ស្មារតី ការ​នឹកឃើញ ការ​នឹក​ទាន់ ការ​រលឹក​ឃើញ ភាព​នៃ​ការ​រលឹក​ឃើញ ការ​ចងចាំ ការ​មិន​ភ្លេច ការ​មិន​ភាន់ច្រឡំ គឺ​សតិ សតិ​ន្ទ្រិយ សតិ​ពលៈ សម្មាសតិ​ណា នេះ​ហៅថា សតិ​ន្ទ្រិយ។ បណ្តា​ឥន្ទ្រិយ​ទាំងនោះ សមា​ធិន្ទ្រិយ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637647278593928172
ទៅកាន់ទំព័រ៖