ព្រះត្រៃបិដក ភាគ ៨០

វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ជា​លោកិយ​ក៏​មាន ជា​លោ​កុត្ត​រៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​សៅហ្មង​ហើយ ទាំង​គួរ​ដល់​សេ​ចកី្ត​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ តែ​គួរ​ដល់​សេ​ចកី្ត​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ​ទាំង​មិន​គួរ​ដល់​សេ​ចកី្ត​សៅហ្មង​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន ដែល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ ១ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ប្រកបដោយ​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637647162630302421
ទៅកាន់ទំព័រ៖