ព្រះត្រៃបិដក ភាគ ៨០
។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៦] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន មិនមែនហេតុ តែប្រព្រឹត្តនៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរក៏មាន ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន
ID: 637647165594052520
ទៅកាន់ទំព័រ៖