ព្រះត្រៃបិដក ភាគ ៨០
សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនជាហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធសៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានវិតក្កៈ ទាំងមានវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ID: 637647205638427549
ទៅកាន់ទំព័រ៖