ព្រះត្រៃបិដក ភាគ ៨០
សច្ចវិភង្គ
[១៤៤] អរិយសច្ច ៤ គឺ ទុក្ខអរិយសច្ច ទុក្ខសមុទយអរិយសច្ច ទុក្ខនិរោធអរិយសច្ច ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។
[១៤៥] បណ្តាអរិយសច្ច ៤ នោះ ទុក្ខអរិយសច្ច តើដូចម្តេច។ ការកើត ជាទុក្ខ ការចាស់គ្រាំគ្រា ជាទុក្ខ សេចក្តីស្លាប់ ជាទុក្ខ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ អាក់អន់ចិត្ត តានតឹងចិត្ត ជាទុក្ខ ការជួបប្រសព្វដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ បុគ្គលកាលចង់បានរបស់ណា តែមិនបានរបស់នោះ ការមិនបាននោះ ជាទុក្ខ ដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ។
[១៤៦] បណ្តាទុក្ខទាំងនោះ ការកើត តើដូចម្តេច។ ការកើត កិរិយាកើតព្រម ការចុះចាប់ផ្ទៃ ការកើតចំពោះ ការកើតប្រាកដនៃខន្ធទាំងឡាយ ការបានអាយតនៈទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងពួកសត្វនោះៗ នេះហៅថា ការកើត។
[១៤៧] បណ្តាទុក្ខទាំងនោះ ការចាស់គ្រាំគ្រា តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពនៃការទ្រុឌទ្រោម ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ យុរយារ ការថយចុះនៃអាយុ ការចាស់ទុំនៃឥន្រ្ទិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងពូកសត្វនោះៗ នេះហៅថា ការចាស់គ្រាំគ្រា។
ID: 637647246607521821
ទៅកាន់ទំព័រ៖