ព្រះត្រៃបិដក ភាគ ៨១
អភិធម្មបិដក
វិភង្គ ទុតិយភាគ
បច្ចយាការវិភង្គ
[១] សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុះ រមែងមានដោយអាការយ៉ាងនេះឯង។
[២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ ការមិនដឹងក្នុងហេតុ ជាទីកើតឡើងនៃទុក្ខ ការមិនដឹងក្នុងធម៌ជាទីរលត់ទៅនៃទុក្ខ ការមិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ នេះហៅថា អវិជ្ជា។
ID: 637647375506140369
ទៅកាន់ទំព័រ៖