ព្រះត្រៃបិដក ភាគ ៨១
ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១៤១] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១៤២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ គ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាមួយ ហើយកើតឡើង។បេ។ មនោវិញ្ញាណធាតុ គ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយសោមនស្ស
ID: 637647403843327697
ទៅកាន់ទំព័រ៖