ព្រះត្រៃបិដក ភាគ ៨១
ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១៥៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ច្រឡំដោយសោមនស្ស ប្រកបដោយញាណ កើតឡើង ព្រោះភាពនៃកាមាវចរកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ។បេ។ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ
ID: 637647407177713120
ទៅកាន់ទំព័រ៖