ព្រះត្រៃបិដក ភាគ ៨១

 [១៧៥] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ តើ​ដូចម្តេច។ ជរា​ក៏​មាន មរណៈ​ក៏​មាន។ បណ្តា​ជរា និង​មរណៈ​នោះ ជរា តើ​ដូចម្តេច។ ការ​ចាស់ ការ​គ្រាំគ្រា ការ​រួញ​ថយ​អាយុ​ណា នៃ​ធម៌​ទាំងនោះ នេះ​ហៅថា ជរា។ បណ្តា​ជរា និង​មរណៈ​នោះ មរណៈ តើ​ដូចម្តេច។ ការ​អស់ ការ​សូន្យ ការ​បែកធ្លាយ ការ​បែក​ខ្ចាត់ខ្ចាយ ការ​មិន​ទៀង ការបាត់បង់​ណា នៃ​ធម៌​ទាំងនោះ នេះ​ហៅថា មរណៈ។ ជរា​នេះ​ផង មរណៈ​នេះ​ផង នេះ​ហៅថា ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។
 [១៧៦] សេចក្តី​ត្រង់​ពាក្យ​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន ដោយ​អាការ​យ៉ាងនេះ ដូចតទៅ​នេះ។ ការ​ចួប​ជុំ ការ​មូលមក ការប្រជុំ​ចុះ ការ​កើត​ប្រាកដ នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ​ឯង។

ចប់ អកុសលមូល​កវិ​បា​កនិទ្ទេស។
ចប់ អភិធម្ម​ភា​ជនីយ។
ចប់ បច្ច​យា​ការ​វិភង្គ។

ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637647409514119123
ទៅកាន់ទំព័រ៖