ព្រះត្រៃបិដក ភាគ ៨១
ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយស្មារតីនេះ ព្រោះហេតុនោះ ទើបពោលថា មានស្មារតី។
[១៨៦] សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា បណ្តាពាក្យទាំងនោះ លោក តើដូចម្តេច។ កាយនោះឯង ឈ្មោះថា លោក ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថា លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនេះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស ទុក្ខវេទនា មិនជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ទោមនស្ស។ ភិក្ខុជាអ្នកទូន្មាន កំចាត់បង់ ស្ងប់រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ឲ្យដល់នូវការខូចខាត ឲ្យដល់នូវការហិនហោច ឲ្យរីងស្ងួត ឲ្យហួតហែង ធ្វើឲ្យបាត់បង់ នូវអភិជ្ឈា និងទោមនស្សនេះ ក្នុងលោកនេះ ដោយប្រការដូច្នេះ ព្រោះហេតុនោះ ទើបពោលថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។
ចប់ កាយានុបស្សនានិទ្ទេស។
ID: 637647411019431666
ទៅកាន់ទំព័រ៖