ព្រះត្រៃបិដក ភាគ ៨១
ភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក យ៉ាងនេះឯង។
[១៩០] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។បេ។ ពាក្យថា សម្រេចឥរិយាបថ។បេ។ សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។បេ។ សេចក្តីត្រង់ពាក្យថា អ្នកដឹងខ្លួន។បេ។ សេចក្តីត្រង់ពាក្យថា មានស្មារតី។បេ។ សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ លោក តើដូចម្តេច។ វេទនានោះឯង ឈ្មោះថា លោក ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថាលោក នេះហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្ស នេះហៅថា ទោមនស្ស។
ID: 637647411988806658
ទៅកាន់ទំព័រ៖