ព្រះត្រៃបិដក ភាគ ៨១

ពួក​ជន​ក្នុង​លោក​នេះ ភិក្ខុ ជា​អ្នក​ទូន្មាន កំចាត់​បង់ ស្ងប់ រម្ងាប់ ស្ងប់​ឈឹង ធ្វើឲ្យ​វិនាស ធ្វើឲ្យ​សាបសូន្យ ឲ្យ​ដល់​នូវ​ការខូចខាត ឲ្យ​ដល់​នូវ​ការហិនហោច ឲ្យ​រីងស្ងួត ឲ្យ​ហួតហែង ធ្វើឲ្យ​បាត់បង់ នូវ​អភិជ្ឈា និង​ទោមនស្ស​នេះ ក្នុង​លោក​នេះ ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ ទើប​ពោល​ថា កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក។

ចប់ វេទ​នា​នុបស្ស​នា​និទ្ទេស។


 [១៩១] ចុះ​ភិក្ខុ​ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត​ខាងក្នុង តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ទោះ​ចិត្ត​ប្រកបដោយ​រាគៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ ប្រកបដោយ​រាគៈ ទោះ​ចិត្ត​ប្រាសចាក​រាគៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ ប្រាសចាក​រាគៈ ទោះ​ចិត្ត​ប្រកបដោយ​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ ប្រកបដោយ​ទោសៈ ទោះ​ចិត្ត​ប្រាសចាក​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ ប្រាសចាក​ទោសៈ ទោះ​ចិត្ត​ប្រកបដោយ​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ ប្រកបដោយ​មោហៈ ទោះ​ចិត្ត​ប្រាសចាក​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ ប្រាសចាក​មោហៈ ទោះ​ចិត្តរួញរា ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ​រួញរា ទោះ​ចិត្តរាយមាយ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​អាត្មាអញ រាយមាយ
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637647416945681653
ទៅកាន់ទំព័រ៖