ព្រះត្រៃបិដក ភាគ ៨១
ទោះចិត្តជាមហគ្គតៈ (រូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាមហគ្គតៈ ទោះចិត្តមិនមែនជាមហគ្គតៈ (កាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ មិនមែនជាមហគ្គតៈ ទោះចិត្តជាសឧត្តរៈ (កាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាសឧត្តរៈ ទោះចិត្តជាអនុត្តរៈ (រូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាអនុត្តរៈ ទោះចិត្តតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ តាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ មិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ រួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ (ចាកអាសវក្កិលេស) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ មិនទាន់រួចស្រឡះ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវចិត្តនោះ ឲ្យជានិមិត្ត កំណត់នូវចិត្ត ដែលខ្លួនកំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវចិត្តនោះ ឲ្យជានិមិត្ត កំណត់នូវចិត្ត ដែលខ្លួនកំណត់ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្ត ក្នុងចិត្តខាងក្រៅ។
[១៩២] ចុះភិក្ខុពិចារណានូវចិត្ត ក្នុងចិត្តខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ទោះចិត្តរបស់គេ ប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រកបដោយរាគៈ ទោះចិត្តរបស់គេ ប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រាសចាករាគៈ
ID: 637647417187869586
ទៅកាន់ទំព័រ៖