ព្រះត្រៃបិដក ភាគ ៨១
ទោះចិត្តមិនតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ភិក្ខុពិចារណានូវចិត្ត ក្នុងចិត្តខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក យ៉ាងនេះឯង។
[១៩៤] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។បេ។ សេចក្តីត្រង់ពាក្យថា សម្រេចឥរិយាបថ។បេ។ សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។បេ។ សេចក្តីត្រង់ពាក្យថា ជាអ្នកដឹងខ្លួន។បេ។ សេចក្តីត្រង់ពាក្យថា មានស្មារតី។បេ។ សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា បណ្តាពាក្យទាំងនោះ លោក តើដូចម្តេច។ ចិត្តនោះឯង ឈ្មោះថាលោក ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថា លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថាទោមនស្ស។
ID: 637647417832244291
ទៅកាន់ទំព័រ៖