ព្រះត្រៃបិដក ភាគ ៨១

អភិជ្ឈា​នេះ​ផង ទោមនស្ស​នេះ​ផង រមែង​មាន ដោយ​ប្រការ​ដូច្នេះ ពួក​ជន​ក្នុង​លោក​នេះ ជា​អ្នក​ទូន្មាន កំចាត់​បង់ ស្ងប់ រម្ងាប់ ស្ងប់​ឈឹង ធ្វើឲ្យ​វិនាស ធ្វើឲ្យ​សាបសូន្យ ឲ្យ​ដល់​នូវ​ការខូចខាត ឲ្យ​ដល់​នូវ​ការហិនហោច ឲ្យ​រីងស្ងួត ឲ្យ​ហួតហែង ធ្វើឲ្យ​បាត់បង់ ព្រោះហេតុនោះ ទើប​ពោល​ថា កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក។

ចប់ ចិ​ត្តា​នុបស្ស​នា​និទ្ទេស។


 [១៩៥] ចុះ​ភិក្ខុ ពិចារណា​នូវ​ធម៌ ក្នុង​ធម៌​ទាំងឡាយ​ខាងក្នុង តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹង​ច្បាស់​នូវ​កាមច្ឆន្ទៈ​ខាងក្នុង កាល​មាន​ថា កាមច្ឆន្ទៈ​ខាងក្នុង​របស់​អាត្មាអញ​មាន ឬដឹង​ច្បាស់​នូវ​កាមច្ឆន្ទៈ​ខាងក្នុង កាល​មិន​មាន​ថា កាមច្ឆន្ទៈ​ខាងក្នុង​របស់​អាត្មាអញ មិន​មាន ការ​កើតឡើង​នៃ​កាមច្ឆន្ទៈ ដែល​មិនទាន់​កើតឡើង​ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង ការ​លះបង់​នូវ​កាមច្ឆន្ទៈ​ដែល​កើតឡើង​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង ការ​មិនកើត​តទៅ​នៃ​កាមច្ឆន្ទៈ ដែល​ខ្លួន​លះបង់​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង ភិក្ខុ​ដឹង​ច្បាស់ នូវ​ព្យាបាទ​ខាងក្នុង កាល​មាន។បេ។ នូវ​ថីនមិទ្ធៈ​ខាងក្នុង កាល​មាន។បេ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637647418080525417
ទៅកាន់ទំព័រ៖