ព្រះត្រៃបិដក ភាគ ៨១

ការពិចារណា ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​បញ្ញា​ជា​គ្រឿង​ពិចារណា​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ភិក្ខុ​ពិចារណា។
 [១៩៩] សេចក្តី​ត្រង់​ពាក្យ​ថា សម្រេច​ឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យ​រស់នៅ ត្រាច់​ទៅ នៅ សម្រាក ព្រោះហេតុនោះ ទើប​ពោល​ថា សម្រេច​ឥរិយាបថ។
 [២០០] សេចក្តី​ត្រង់​ពាក្យ​ថា អ្នកមាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ ការ​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សេចក្តី​ព្យាយាម​ត្រូវ​ណា នេះ​ហៅថា សេចក្តី​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកបដោយ​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស។
 [២០១] សេចក្តី​ត្រង់​ពាក្យ​ថា ជា​អ្នកដឹងខ្លួន។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ ការ​ដឹងខ្លួន តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា នេះ​ហៅថា ការ​ដឹងខ្លួន ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកបដោយ​ការ​ដឹងខ្លួន​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ជា​អ្នកដឹងខ្លួន។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637647419672088284
ទៅកាន់ទំព័រ៖