ព្រះត្រៃបិដក ភាគ ៨១

អកុសលមូល ៣ គឺ លោភៈ ទោសៈ មោហៈ និង​ពួក​កិលេស ដែល​ឋិតនៅ​ជាមួយនឹង​អកុសលមូល​នោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​កិលេស​នោះ កាយ​កម្ម វចីកម្ម មនោ​កម្ម ដែល​តាំង​ឡើង​ដោយ​ខន្ធ​នោះ ធម៌​ទាំងនេះ​ហៅថា អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើតឡើង។ ភិ​ក្ខុញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​អកុសលធម៌​ដ៏​លាមក​ទាំងនេះ ដែល​មិនទាន់​កើត មិន​ឲ្យ​កើតឡើង ដោយ​ប្រការ​ដូច្នេះ។
 [២១៣] ត្រង់​ពាក្យ​ថា ញុំាង​ឆន្ទៈ​ឲ្យ​កើត មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​ប្រាថ្នា​ដើម្បី​ធ្វើ សេចក្តី​ប្រាថ្នា ធម៌​ជាកុសល​ណា នេះ​ហៅថា ឆន្ទៈ ភិ​ក្ខុញុំាង​ឆន្ទៈ​នេះ​ឲ្យ​កើត ឲ្យ​លូតលាស់ ឲ្យ​ដុះដាល ឲ្យ​តាំង​ឡើង ឲ្យ​ចំរើន​ឡើង ឲ្យ​កើតឡើង ព្រោះហេតុនោះ ទើប​ពោល​ថា ញុំាង​ឆន្ទៈ​ឲ្យ​កើត។
 [២១៤] ត្រង់​ពាក្យ​ថា សង្វាត មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ សេចក្តី​សង្វាត តើ​ដូចម្តេច។ សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ​ណា នេះ​ហៅថា សេចក្តី​សង្វាត ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​សេចក្តី​សង្វាត​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា សង្វាត។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637647423914744174
ទៅកាន់ទំព័រ៖