ព្រះត្រៃបិដក ភាគ ៨១
[២២៣] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា ការប្រឹងប្រែង ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយការប្រឹងប្រែងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។
[២២៤] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង តើដូចម្តេច។ កុសលមូល ៣ គឺ អលោភៈ អទោសៈ អមោហៈ និងវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូលនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ ហៅថា ពួកកុសលធម៌ដែលមិនទាន់កើតឡើង។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែងដើម្បីញុំាងពួកកុសលធម៌ទាំងនេះ ដែលមិនទាន់កើត ឲ្យកើតឡើង ដោយប្រការដូច្នេះ។
[២២៥] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។បេ។ ត្រង់ពាក្យថា សង្វាត។បេ។ ត្រង់ពាក្យថា ប្រារព្ធព្យាយាម។បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើដូចម្តេច។
ID: 637647424954900412
ទៅកាន់ទំព័រ៖