ព្រះត្រៃបិដក ភាគ ៨១
សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា ការប្រឹងប្រែង ភិក្នុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយការប្រឹងប្រែងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។
[២២៦] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ពួកកុសលធម៌ ដែលកើតឡើងហើយ តើដូចម្តេច។ កុសលមូល ៣ គឺ អលោភៈ អទោសៈ អមោហៈ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូលនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះហៅថា ពួកកុសលធម៌ ដែលកើតឡើងហើយ។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងកុសលធម៌ទាំងនេះ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ ដោយប្រការដូច្នេះ។
ID: 637647425181150445
ទៅកាន់ទំព័រ៖