ព្រះត្រៃបិដក ភាគ ៨១

 [២៣១] ត្រង់​ពាក្យ​ថា ញុំាង​ឆន្ទៈ​ឲ្យ​កើត មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​ប្រាថ្នា​ដើម្បី​ធ្វើ សេចក្តី​ប្រាថ្នា ធម៌​ជាកុសល​ណា នេះ​ហៅថា ឆន្ទៈ ភិ​ក្ខុញុំាង​ឆន្ទៈ​នេះ​ឲ្យ​កើត ឲ្យ​លូតលាស់ ឲ្យ​ដុះដាល ឲ្យ​តាំង​ឡើង ឲ្យ​ចំរើន ឲ្យ​កើតឡើង ព្រោះហេតុនោះ ទើប​ពោល​ថា ញុំាង​ឆន្ទៈ​ឲ្យ​កើត។
 [២៣២] ត្រង់​ពាក្យ​ថា សង្វាត មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ សេចក្តី​សង្វាត តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង ខ្ជាប់ខ្ជួន មិន​បន្ធូរបន្ថយ មិន​ដាក់​ចោល​នូវ​សេចក្តី​ប្រាថ្នា មិន​ទម្លាក់​ធុរៈ​ចេញ ផ្គង​ទុក​នូវ​ធុរៈ វីរិយៈ វីរិយិ​ន្ទ្រិយ វីរិយ​ពលៈ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សេចក្តី​សង្វាត ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​សេចក្តី​សង្វាត​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា សង្វាត។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637647425963650794
ទៅកាន់ទំព័រ៖