ព្រះត្រៃបិដក ភាគ ៨១
[២៣៦] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។
[២៣៧] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។បេ។ ត្រង់ពាក្យថា សង្វាត។បេ។ ត្រង់ពាក្យថា ប្រារព្ធព្យាយាម។បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មប្បធាន។
ID: 637647426466306667
ទៅកាន់ទំព័រ៖