ព្រះត្រៃបិដក ភាគ ៨១
[២៤០] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ។
[២៤១] ត្រង់ពាក្យថា ឲ្យឋិតនៅ គឺការឋិតនៅណា នោះឈ្មោះថា សេចក្តីមិនវិនាស ឯសេចក្តីមិនវិនាសណា នោះឈ្មោះថា ការរឹងរឹតតែដុះដាលឡើង ការរឹងរឹតតែដុះដាលឡើងណា នោះឈ្មោះថា ធំទូលាយ ការធំទូលាយណា នោះឈ្មោះថា ការចំរើន ការចំរើនណា នោះឈ្មោះថា ការពេញលេញ។
ID: 637647426935838169
ទៅកាន់ទំព័រ៖