ព្រះត្រៃបិដក ភាគ ៨១
[២៤២] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ឆន្ទៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលអ្នកប្រាថ្នាដើម្បីធ្វើ សេចក្តីប្រាថ្នាធម៌ជាកុសល ណា នេះហៅថា ឆន្ទៈ ភិក្ខុ ញុំាងឆន្ទៈ នេះឲ្យកើត ឲ្យលូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើនឡើង ឲ្យកើតឡើង ព្រោះហេតុនោះ ទើបពោលថា ញុំាងឆន្ទៈឲ្យកើត។
[២៤៣] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ គឺវីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សេចក្តីសង្វាត ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយសេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។
[២៤៤] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការព្យាយាម តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ការព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការព្យាយាមនេះ ព្រោះហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។
ID: 637647427277712915
ទៅកាន់ទំព័រ៖