ព្រះត្រៃបិដក ភាគ ៨១

ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​កើត​ហើយ ឲ្យ​ឋិតនៅ មិន​ឲ្យ​វិនាស ឲ្យ​រឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើន​ពេញលេញ ធម៌​ទាំងនេះ ហៅថា បធាន​សង្ខារ។ ឆន្ទ​សមាធិ​នេះ​ផង បធាន​សង្ខារ នេះ​ផង ដល់​នូវ​ការរាប់​ថា ឆន្ទ​សមាធិ និង​បធាន​សង្ខារ ព្រោះ​ប្រមូល​រួបរួម នូវ​ធម៌​នោះ ក្នុង​ទី​ជាមួយគ្នា ដោយ​ប្រការ​ដូច្នេះ។
 [២៥៣] បណ្តា​ធម៌​ទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​ប្រាថ្នា​ដើម្បី​ធ្វើ ការ​ប្រាថ្នា​ធម៌​ជាកុសល​ណា នេះ​ហៅថា ឆន្ទៈ។ បណ្តា​ធម៌​ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ ការ​ខ្ជាប់ខ្ជួន ការឋិតនៅ​ស៊ប់ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ ភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង ការ​ស្ងប់​រម្ងាប់ សមា​ធិន្ទ្រិយ សមាធិ​ពលៈ សម្មាសមាធិ​ណា​នៃ​ចិត្ត នេះ​ហៅថា សមាធិ។ បណ្តា​ធម៌​ទាំងនោះ បធាន​សង្ខារ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តី​សង្វាត​មិន​បន្ធូរបន្ថយ មិន​ដាក់​ចោល​នូវ​សេចក្តី​ប្រាថ្នា មិន​ទម្លាក់​ធុរៈ​ចេញ ផ្គង​ទុក​នូវ​ធុរៈ វីរិយៈ វីរិយិ​ន្ទ្រិយ
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637647428942556688
ទៅកាន់ទំព័រ៖