ព្រះត្រៃបិដក ភាគ ៨១

ភិក្ខុ​នោះ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើត មិន​ឲ្យ​កើតឡើង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើត​ហើយ។បេ។ ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង។បេ។ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​កើត​ហើយ ឲ្យ​ឋិតនៅ មិន​ឲ្យ​វិនាស ឲ្យ​រឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើន ពេញលេញ ធម៌​ទាំងនេះ ហៅថា បធាន​សង្ខារ។ វីរិយ​សមាធិ​នេះ​ផង បធាន​សង្ខារ​ទាំងនេះ​ផង ដល់​នូវ​ការរាប់​ថា វីរិយ​សមាធិ និង​បធាន​សង្ខារ ព្រោះ​ប្រមូល​រួបរួម​នូវ​ធម៌​នោះ ក្នុង​ទី​ជាមួយគ្នា ដោយ​ប្រការ​ដូច្នេះ។
 [២៥៦] បណ្តា​ធម៌​ទាំងនោះ វីរិយៈ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ​ណា នេះ​ហៅថា វីរិយៈ។ បណ្តា​ធម៌​ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ ការ​ខ្ជាប់ខ្ជួន ការឋិតនៅ​ស៊ប់ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ ភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង ការ​ស្ងប់​រម្ងាប់ សមា​ធិន្ទ្រិយ សមាធិ​ពលៈ សម្មាសមាធិ​ណា​នៃ​ចិត្ត នេះ​ហៅថា សមាធិ។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637647429456931975
ទៅកាន់ទំព័រ៖