ព្រះត្រៃបិដក ភាគ ៨១
បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយវីរិយៈនេះផង ដោយសមាធិនេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបហៅថា ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ។
[២៥៧] ត្រង់ពាក្យថា ឥទ្ធិ បានដល់ ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការសម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយាធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នេះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។
[២៥៨] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើចិត្តឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ នេះហៅថា ចិត្តសមាធិ។
ID: 637647429713337984
ទៅកាន់ទំព័រ៖