ព្រះត្រៃបិដក ភាគ ៨១
ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្ខាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតហើយ។បេ។ ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ ធម៌ទាំងនេះហៅថា បធានសង្ខារ។ ចិត្តសមាធិនេះផង បធានសង្ខារនេះផង ដល់នូវការរាប់ថា ចិត្តសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួមនូវធម៌នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។
[២៥៩] បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិណា នេះហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា បធានសង្ខារ។
ID: 637647429947400423
ទៅកាន់ទំព័រ៖