ព្រះត្រៃបិដក ភាគ ៨១

ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​ចិត្ត​នេះ​ផង ដោយ​សមាធិ​នេះ​ផង ដោយ​បធាន​សង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ចិត្ត​សមាធិ និង​បធាន​សង្ខារ ដោយ​ប្រការ​ដូច្នេះ។
 [២៦០] ពាក្យ​ថា ឥទ្ធិ បាន​ដល់​ការសម្រេច ការសម្រេច​ព្រម អាការ​សម្រេច អាការ​សម្រេច​ព្រម ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបាន​គ្រប់គ្រាន់ នូវ​ធម៌​ទាំងឡាយ​នោះ។ ពាក្យ​ថា ឥទ្ធិបាទ គឺ វេទ​នា​ក្ខន្ធ សញ្ញាខន្ធ សង្ខា​ក្ខន្ធ វិញ្ញាណក្ខន្ធ របស់​បុគ្គល​មាន​សភាព​ដូច្នោះ។ ពាក្យ​ថា ចំរើន​នូវ​ឥទ្ធិបាទ គឺ ភិក្ខុ គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​ធម៌​ទាំងនោះ ព្រោះហេតុនោះ ទើប​ពោល​ថា ចំរើន​នូវ​ឥទ្ធិបាទ។
 [២៦១] ចុះ​ភិក្ខុ​ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ តើ​ដូចម្តេច។ បើ​ភិក្ខុ​ធ្វើ​នូវ​វីមំសា​ឲ្យ​ជា​អធិបតី រមែង​បាន​នូវ​សមាធិ បាន​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ នេះ​ហៅថា វីមំសា​សមាធិ។ ភិក្ខុ​នោះ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើត មិន​ឲ្យ​កើតឡើង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637647430191931889
ទៅកាន់ទំព័រ៖