ព្រះត្រៃបិដក ភាគ ៨១

ដែល​កើត​ហើយ។បេ។ ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង។បេ។ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​កើត​ហើយ ឲ្យ​ឋិតនៅ មិន​ឲ្យ​វិនាស ឲ្យ​រឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើន ពេញលេញ ធម៌​ទាំងនេះ​ហៅថា បធាន​សង្ខារ។ វីមំសា​សមាធិ​នេះ​ផង បធាន​សង្ខារ​ទាំងនេះ​ផង ដល់​នូវ​ការរាប់​ថា វីមំសា​សមាធិ និង​បធាន​សង្ខារ ព្រោះ​ប្រមូល​រួបរួម​នូវ​ធម៌​នោះ ក្នុង​ទី​ជាមួយគ្នា ដោយ​ប្រការ​ដូច្នេះ។
 [២៦២] បណ្តា​ធម៌​ទាំងនោះ វីមំសា តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ​ណា នេះ​ហៅថា វីមំសា។ បណ្តា​ធម៌​ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ​នៃ​ចិត្ត។បេ។ សម្មាសមាធិ​ណា នេះ​ហៅថា សមាធិ។ បណ្តា​ធម៌​ទាំងនោះ បធាន​សង្ខារ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ​ណា នេះ​ហៅថា បធាន​សង្ខារ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​វីមំសា​នេះ​ផង ដោយ​សមាធិ​នេះ​ផង ដោយ​បធាន​សង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ដោយ​ប្រការ​ដូច្នេះ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637647430415212911
ទៅកាន់ទំព័រ៖