ព្រះត្រៃបិដក ភាគ ៨១
[៣] បណ្តាបច្ចយាការទាំងនោះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជភិសង្ខារ កាយសង្ខារ វចីសង្ខារ ចិត្តសង្ខារ។ បណ្តាសង្ខារទាំងនោះ បុញ្ញាភិសង្ខារ តើដូចម្តេច។ ចេតនាជាកុសល ជាកាមាវចរ និងរូបាវចរ ដែលសម្រេចដោយទាន សម្រេចដោយសីល សម្រេចដោយភាវនា នេះហៅថា បុញ្ញាភិសង្ខារ។ បណ្តាសង្ខារទាំងនោះ អបុញ្ញាភិសង្ខារ តើដូចម្តេច។ ចេតនាជាអកុសល ជាកាមាវចរ នេះហៅថា អបុញ្ញាភិសង្ខារ។ បណ្តាសង្ខារទាំងនោះ អានេញ្ជាភិសង្ខារ តើដូចម្តេច។ ចេតនាជាកុសល ជាអរូបាវចរ នេះហៅថា អានេញ្ជាភិសង្ខារ។ បណ្តាសង្ខារទាំងនោះ កាយសង្ខារ តើដូចម្តេច។ កាយសញ្ចេតនា ឈ្មោះថា កាយសង្ខារ វចីសញ្ចេតនា ឈ្មោះថា វចីសង្ខារ មនោសញ្ចេតនា ឈ្មោះថាចិត្តសង្ខារ។ ធម៌ទាំងនេះហៅថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។
[៤] បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។
ID: 637647377734265272
ទៅកាន់ទំព័រ៖