ព្រះត្រៃបិដក ភាគ ៨១
[២៧៦] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការសម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយាធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ ការពាល់ត្រូវ។បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។
[២៧៧] ឥទ្ធិបាទ ៤ យ៉ាង គឺ ឆន្ទិទ្ធិបាទ ១ វីរិយិទ្ធិបាទ ១ ចិត្តិទ្ធិបាទ ១ វីមំសិទ្ធិបាទ ១។
[២៧៨] បណ្តាឥទ្ធិបាទទាំងនោះ ឆន្ទិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ជាកុសលណា នេះហៅថា ឆន្ទិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយឆន្ទិទ្ធិបាទ។
ID: 637647440317743633
ទៅកាន់ទំព័រ៖