ព្រះត្រៃបិដក ភាគ ៨១
កាលភិក្ខុមានកាយស្ងប់រម្ងាប់ មានសេចក្តីសុខ ចិត្តក៏តម្កល់នៅមាំ នេះហៅថា សមាធិសម្ពោជ្ឈង្គ។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញដោយប្រពៃ នូវចិត្តដែលតម្កល់ទុកល្អ មានសភាពដូច្នោះ នេះហៅថា ឧបេក្ខាសម្ពោជ្ឈង្គ។
[២៩០] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។
[២៩១] បណ្តាសម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ សតិក្នុងធម៌ទាំងឡាយខាងក្នុងក៏មាន សតិក្នុងធម៌ទាំងឡាយខាងក្រៅក៏មាន។ បើសតិក្នុងធម៌ទាំងឡាយខាងក្នុង មានក្នុងកាលណា សតិសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។ បើសតិក្នុងធម៌ទាំងឡាយខាងក្រៅ មានក្នុងកាលណា សតិសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។
ID: 637647442343079609
ទៅកាន់ទំព័រ៖