ព្រះត្រៃបិដក ភាគ ៨១
[២៩៦] បណ្តាសម្ពោជ្ឈង្គទាំងនោះ សមាធិសម្ពោជ្ឈង្គ តើដូចម្តេច។ សមាធិប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន។ បើសមាធិប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានក្នុងកាលណា សមាធិសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានក្នុងកាលនោះដែរ។ បើសមាធិ មិនមានវិតក្កៈ មិនមានវិចារៈ មានក្នុងកាលណា សមាធិសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។
[២៩៧] បណ្តាសម្ពោជ្ឈង្គទាំងនោះ ឧបេក្ខាសម្ពោជ្ឈង្គ តើដូចម្តេច។ ឧបេក្ខាក្នុងធម៌ទាំងឡាយខាងក្នុងក៏មាន ឧបេក្ខាក្នុងធម៌ទាំងឡាយខាងក្រៅក៏មាន។ បើឧបេក្ខាក្នុងធម៌ទាំងឡាយខាងក្នុង មានក្នុងកាលណា ឧបេក្ខាសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។ បើឧបេក្ខាក្នុងធម៌ទាំងឡាយខាងក្រៅ មានក្នុងកាលណា ឧបេក្ខាសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។
ID: 637647443079798433
ទៅកាន់ទំព័រ៖