ព្រះត្រៃបិដក ភាគ ៨១
[៣០០] បណ្តាសម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិសម្ពោជ្ឈង្គ។
[៣០១] បណ្តាសម្ពោជ្ឈង្គទាំងនោះ ធម្មវិចយសម្ពោជ្ឈង្គ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការយល់ត្រូវ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ធម្មវិចយសម្ពោជ្ឈង្គ។
[៣០២] បណ្តាសម្ពោជ្ឈង្គទាំងនោះ វីរិយសម្ពោជ្ឈង្គ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា វីវិយសម្ពោជ្ឈង្គ។
[៣០៣] បណ្តាសម្ពោជ្ឈង្គទាំងនោះ បីតិសម្ពោជ្ឈង្គ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល ការស្រស់ស្រាយ ការញញឹមញញែម អំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអរនៃចិត្ត បីតិសម្ពោជ្ឈង្គណា នេះហៅថា បីតិសម្ពោជ្ឈង្គ។
ID: 637647443629485859
ទៅកាន់ទំព័រ៖