ព្រះត្រៃបិដក ភាគ ៨១

ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត ចេតនា​ជាហេតុ​វៀរចាក​អទិន្នាទាន ចេតនា​ជាហេតុ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ នេះ​ហៅថា សម្មា​កម្មន្តៈ។
 [៣២០] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាអាជីវៈ តើ​ដូចម្តេច។ អរិយសាវ័ក​ក្នុង​សាសនា​នេះ លះបង់​ការ​ចិញ្ចឹមជីវិត​ខុស សម្រេច​ជីវិត​ដោយ​ការ​ចិញ្ចឹមជីវិត​ត្រូវ នេះ​ហៅថា សម្មាអាជីវៈ។
 [៣២១] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មា​វាយាមៈ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ញុំាង​ឆន្ទៈ (សេចក្តី​ប្រាថ្នា) ឲ្យ​កើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើត មិន​ឲ្យ​កើតឡើង ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​កើតឡើង​ហើយ ឲ្យ​ឋិតនៅ មិន​ឲ្យ​វិនាស ឲ្យ​រឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើន​ពេញលេញ នេះ​ហៅថា សម្មា​វាយាមៈ។
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637647446741048348
ទៅកាន់ទំព័រ៖