ព្រះត្រៃបិដក ភាគ ៨១

ជាទី​ផូរផង់​ក្នុង​សន្តាន មាន​ភាព​នៃ​ចិត្ត​ដ៏​ប្រសើរ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មាន​បីតិ និង​សុខ ដែល​កើតអំពី​សមាធិ ព្រោះ​ការ​វិនាស​នៃ​បីតិ ជា​បុគ្គល​ព្រងើយ​ផង មានសតិ និង​សម្បជញ្ញៈ​ផង រមែង​ទទួល​នូវ​សុខ​ដោយ​នាមកាយ​ផង ចូលកាន់​តតិយជ្ឈាន ដែល​ព្រះ​អរិយៈ​ទាំងឡាយ​តែង​សរសើរ​ថា បុគ្គល​ដែល​បាន​តតិយជ្ឈាន តែង​មានចិត្ត​ព្រងើយ ជា​អ្នកមាន​ស្មារតី​នៅជា​សុខ ព្រោះ​ការ​លះបង់​សុខ​ផង ព្រោះ​ការ​លះបង់​ទុក្ខ​ផង ព្រោះ​ការ​វិនាស​ទៅ​នៃ​សោមនស្ស និង​ទោមនស្ស​ក្នុង​កាលមុន​ផង លោក​ក៏​ចូលកាន់​ចតុត្ថជ្ឈាន ដែល​ឥត​ទុក្ខ​ឥត​សុខ មានសតិ​ដ៏​បរិសុទ្ធ ដោយ​ឧបេក្ខា នេះ​ហៅថា សម្មាសមាធិ។
 [៣២៤] អរិយមគ្គ​មាន​អង្គ ៨។ អរិយមគ្គ​មាន​អង្គ ៨ គឺ​អ្វីខ្លះ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មា​កម្មន្តៈ សម្មាអាជីវៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ។
 [៣២៥] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាទិដ្ឋិ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​សម្មាទិដ្ឋិ ដែល​អាស្រ័យ​វិវេក អាស្រ័យ​ការប្រាសចាក​តម្រេក អាស្រ័យ​និរោធ ឈម​ទៅ​ក្នុង​ការ​លះបង់។បេ។ ចំរើន​សម្មាសង្កប្បៈ។បេ។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637647447238392388
ទៅកាន់ទំព័រ៖