ព្រះត្រៃបិដក ភាគ ៨១
ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មាសតិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើនហើយ ក្នុងសម័យនោះ ការឋិតនៅនៃចិត្ត ការតាំងនៅ ការតាំងនៅស៊ប់ សេចក្តីមិនរសេមរសាម សេចក្តីមិនរាយមាយ ភាពនៃចិត្តមិនរួញរា សមថៈ សមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មាសមាធិ។
ចប់ អភិធម្មភាជនីយ។
ID: 637647449703235938
ទៅកាន់ទំព័រ៖