ព្រះត្រៃបិដក ភាគ ៨១
[៣៤០] អរិយមគ្គមានអង្គ ៨។ អរិយមគ្គមានអង្គ ៨ គឺអ្វីខ្លះ។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាអង្គមគ្គទាំង ៨ អង្គមគ្គជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
[៣៤១] អង្គមគ្គ ៨ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយសុខវេទនា អង្គមគ្គ ៧ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ អង្គមគ្គ ៨ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតី ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ សម្មាសង្កប្បៈ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិត្តកៈ មិនមានវិចារៈក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយបីតិ ច្រឡំដោយសុខ តែមិនច្រឡំដោយឧបេក្ខា អង្គមគ្គ ៧ ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន។
ID: 637647449949485889
ទៅកាន់ទំព័រ៖