ព្រះត្រៃបិដក ភាគ ៨១

ឈាន​វិភង្គ


 [៣៤៥] ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ សម្រេច​ឥរិយាបថ បរិបូណ៌​ដោយ​អាចារៈ និង​គោចរ ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ មាន​ប្រមាណ​តិច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ មាន​ទ្វារ​គ្រប់គ្រង​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន ប្រក​បរឿយៗក្នុង​ការ​ព្យាយាម​ជា​គ្រឿង​ភ្ញាក់​រលឹក ក្នុង​ពេលមុន​រាត្រី និង​ក្រោយ​រាត្រី ប្រក​បរឿយៗក្នុង​ការ​ព្យាយាម​ចំរើន​នូវ​ធម៌​ទាំងឡាយ ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង ជាប់​មិន​ដាច់ ចាស់​ក្លា។ ភិក្ខុ​នោះ ជា​អ្នកធ្វើ​សេចក្តី​ដឹងខ្លួន ក្នុង​ការ​ដើរទៅ​មុខ និង​ការ​ឈាន​ថយក្រោយ ធ្វើ​សេចក្តី​ដឹងខ្លួន​ក្នុង​ការ​ក្រឡេក​មើលទៅ​មុខ និង​ការ​ក្រឡេក​មើលទៅ​ទិស​ផ្សេងៗ ធ្វើ​សេចក្តី​ដឹងខ្លួន​ក្នុង​ការ​បត់​ដៃជើង និង​ការ​លាតដៃ​ជើង ធ្វើ​សេចក្តី​ដឹងខ្លួន​ក្នុង​ការ​ទ្រទ្រង់​សង្ឃាដី បាត្រ និង​ចីវរ ធ្វើ​សេចក្តី​ដឹងខ្លួន​ក្នុង​ការ​បរិភោគភោជន ការ​ផឹកទឹក ការ​ទំពារ​ស៊ី​ខាទ​នីយៈ និង​ការ​ជញ្ជប់ (នូវ​ភេសជ្ជៈ មាន​សប្បិ​ជាដើម) ធ្វើ​សេចក្តី​ដឹងខ្លួន ក្នុង​ការ​បន្ទោបង់​ឧច្ចារៈ​បស្សាវៈ ធ្វើ​សេចក្តី​ដឹងខ្លួន​ក្នុង​ការ​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់​ឡើង និយាយ ឬការ​ស្ងៀម។ ភិក្ខុ​នោះ គប់​រក​ទីសេនាសនៈ​ដ៏​ស្ងាត់ គឺ​ព្រៃតូច គល់ឈើ ភ្នំ ជ្រោះ​ភ្នំ គុហា​ភ្នំ ព្រៃស្មសាន ព្រៃ​ញាតស្បាត ទីវាល គំនរចំបើង ទី​មិន​មាន​សំឡេង ទី​មិន​គឹកកង ទី​ប្រាសចាក​ខ្យល់​ដែល​កើតអំពី​សរីរៈ​នៃ​ជន ទីស្ងាត់​កំបាំង​របស់​មនុស្ស
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637647451242142323
ទៅកាន់ទំព័រ៖