ព្រះត្រៃបិដក ភាគ ៨១
ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតិកើតមានខាងក្នុងសន្តាន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ភិក្ខុនោះ ព្រោះនឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង ទទួលសុខដោយនាមកាយផង ក៏ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយតែងសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ ភិក្ខុនោះ ព្រោះលះសុខផង ព្រោះលះទុក្ខផង ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតិមានអារម្មណ៍មិនមែនទុក្ខមិនមែនសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ភិក្ខុនោះ ព្រោះកន្លងរូបសញ្ញា ព្រោះអស់ទៅនៃបដិឃសញ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញាដោយសព្វគ្រប់ ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ភិក្ខុនោះ ព្រោះកន្លងអាកាសានញ្ចាយតនជ្ឈានដោយសព្វគ្រប់ ក៏ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត
ID: 637647451637610939
ទៅកាន់ទំព័រ៖