ព្រះត្រៃបិដក ភាគ ៨១
ភិក្ខុនោះ ព្រោះកន្លងវិញ្ញាណញ្ចាយតនជ្ឈានដោយសព្វគ្រប់ ក៏ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមាន ភិក្ខុនោះ ព្រោះកន្លងអាកិញ្ចញ្ញាយតនជ្ឈានដោយសព្វគ្រប់ ក៏ចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។
ចប់ មាតិកា។
[៣៤៦] ត្រង់ពាក្យថា នេះ គឺ ក្នុងការឃើញនេះ ក្នុងការគាប់ចិត្តនេះ ក្នុងការចូលចិត្តនេះ ក្នុងការប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម៌ និងវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ព្រោះហេតុនោះ ទើបពោលថា នេះ។
[៣៤៧] ត្រង់ពាក្យថា ភិក្ខុ គឺ ឈ្មោះថាភិក្ខុ ព្រោះឈ្មោះ ឈ្មោះថាភិក្ខុ ព្រោះការប្តេជ្ញា ឈ្មោះថាភិក្ខុ ព្រោះសូម ឈ្មោះថាភិក្ខុ ព្រោះជាអ្នកសូម ឈ្មោះថាភិក្ខុ ព្រោះជាអ្នកចូលទៅកាន់ទីត្រាច់ទៅដើម្បីសូម ឈ្មោះថាភិក្ខុ ព្រោះជាអ្នកទ្រទ្រង់សំពត់កាត់ដាច់ ឈ្មោះថាភិក្ខុ ព្រោះទម្លាយអកុសលធម៌ទាំងឡាយដ៏លាមក ឈ្មោះថាភិក្ខុ ព្រោះហេតុទម្លាយអកុសលធម៌ទាំងឡាយដ៏លាមក ឈ្មោះថាភិក្ខុ ព្រោះការលះកិលេសទាំងឡាយដោយចំណែក ឈ្មោះថាភិក្ខុ
ID: 637647451942767135
ទៅកាន់ទំព័រ៖