ព្រះត្រៃបិដក ភាគ ៨១
ព្រោះការលះកិលេសទាំងឡាយដោយមិនមានចំណែក បុគ្គលជាសេក្ខៈឈ្មោះថាភិក្ខុ បុគ្គលជាអសេក្ខៈឈ្មោះថាភិក្ខុ បុគ្គលជាសេក្ខៈក៏មិនមែន ជាអសេក្ខៈក៏មិនមែន ឈ្មោះថាភិក្ខុ បុគ្គលប្រសើរឈ្មោះថាភិក្ខុ បុគ្គលចំរើនឈ្មោះថាភិក្ខុ បុគ្គលផូរផង់ឈ្មោះថាភិក្ខុ បុគ្គលមានខ្លឹមឈ្មោះថាភិក្ខុ បុគ្គលដែលសង្ឃព្រមព្រៀងគ្នាឲ្យឧបសម្បទា ដោយញត្តិចតុត្ថកម្ម ដែលមិនកម្រើកគួរដល់ហេតុ ឈ្មោះថាភិក្ខុ។
[៣៤៨] ត្រង់ពាក្យថា បាតិមោក្ខ បានដល់សីល ការតាំងមាំ កិច្ចខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការដល់នូវកុសលធម៌ទាំងឡាយ។ ពាក្យថា សំវរៈ គឺការមិនកន្លងដែលប្រព្រឹត្តទៅក្នុងកាយ ការមិនកន្លងដែលប្រព្រឹត្តទៅក្នុងវាចា ការមិនកន្លងដែលប្រព្រឹត្តទៅក្នុងកាយ និងក្នុងវាចា។ ពាក្យថា ជាអ្នកសង្រួម គឺជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយការសង្រួម ក្នុងបាតិមោក្ខនេះ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ។
[៣៤៩] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ត្រាច់ទៅ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
ID: 637647452203860983
ទៅកាន់ទំព័រ៖