ព្រះត្រៃបិដក ភាគ ៨១

ចូលចិត្ត​គប់​រក ចូល​ទៅ​ជិត កាន់​ត្រកូល​ទាំងឡាយ​មាន​សភាព​ដូច្នោះ នេះ​ហៅថា អគោចរ។ បណ្តា​គោចរ និង​អគោចរ​ទាំងនោះ គោចរ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ ជា​អ្នក​មិន​ត្រាច់​ទៅកាន់​ទី​នៃ​ស្ត្រី​ពេស្យា មិន​ត្រាច់​ទៅកាន់​ទី​នៃ​ស្ត្រី​មេម៉ាយ មិន​ត្រាច់​ទៅកាន់​ទី​នៃ​ស្ត្រី​ក្រមុំ មិន​ត្រាច់​ទៅកាន់​ទី​នៃ​មនុស្ស​បណ្ឌក មិន​ត្រាច់​ទៅកាន់​ទី​នៃ​ភិក្ខុនី មិន​ត្រាច់​ទៅកាន់​រោង​សុរា ជា​អ្នក​មិន​ច្រឡូកច្រឡំ​ដោយ​ពួក​ស្តេច ដោយ​ពួក​មហាមាត្រ​របស់​ស្តេច ដោយ​ពួក​តិរ្ថិយ ដោយ​ពួក​សាវ័ក​របស់​តិរ្ថិយ ឬដោយ​ការ​ច្រឡូកច្រឡំ​នឹង​គ្រហស្ថ មិន​សមគួរ មួយទៀត ត្រកូល​ណា មាន​សទ្ធា ជ្រះថ្លា ជា​អណ្តូង រុងរឿង​ដោយ​សំពត់​កាសាវៈ ដែល​ផ្សព្វផ្សាយ​ដោយ​ខ្យល់​នៃ​ឥសី ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្តី​សប្បាយ ប្រាថ្នា​ព្រះនិព្វាន​ជា​ធម៌​ក្សេម​ចាក​យោ​គៈ ដល់​ពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ភិក្ខុ​នោះ ចូលចិត្ត​គប់​រក ចូល​ទៅ​ជិត កាន់​ត្រកូល​ទាំងឡាយ​មាន​សភាព​ដូច្នោះ នេះ​ហៅថា គោចរ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​អាចារៈ​នេះ​ផង ដោយ​គោចរ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ភិក្ខុ​នោះ បរិបូណ៌​ដោយ​អាចារៈ និង​គោចរ។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637647452815580022
ទៅកាន់ទំព័រ៖