ព្រះត្រៃបិដក ភាគ ៨១

 [៣៥១] ត្រង់​ពាក្យ​ថា ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​មាន​ប្រមាណ​តិច មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ទោស​មាន​ប្រមាណ​តិច តើ​ដូចម្តេច។ ទោស​ទាំងឡាយ ណា មាន​ប្រមាណ​តិច ស្តួចស្តើង ស្រាល ដល់​នូវ​អំពើ​ស្រាល គួរ​ធ្វើ​សេចក្តី​សង្រួម គួរ​ធ្វើការ​ប្រយ័ត្ន គួរ​ធ្វើការ​កើតឡើង​នៃ​ចិត្ត ជា​ទោស​ជាប់​ចំពោះ​ដោយ​មនសិ​កា​រៈ ទាំងនេះ​ហៅថា ទោស​មាន​ប្រមាណ​តិច ភិក្ខុ ជា​អ្នក​ឃើញ​ទោស​ក្នុង​ទោស​ទាំងឡាយ​មាន​ប្រមាណ​តិច​នេះ​ផង ឃើញ​ភ័យ​ផង ឃើញ​កំហុស​ផង ឃើញ​ការ​រលាស់ខ្លួន​ចេញ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ឃើញ​ភ័យ ក្នុង​ទោស​ទាំងឡាយ​មាន​ប្រមាណ​តិច។
 [៣៥២] ត្រង់​ពាក្យ​ថា សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ សិក្ខា តើ​ដូចម្តេច។ សិក្ខា មាន ៤ គឺ ភិក្ខុ​សិក្ខា របស់​ពួក​ភិក្ខុ ១ ភិក្ខុនី​សិក្ខា របស់​ពួក​ភិក្ខុនី ១ ឧបាសក​សិក្ខា របស់​ពួក​ឧបាសក ១ ឧបាសិកា​សិក្ខា របស់​ពួក​ឧបាសិកា ១ ទាំងនេះ​ហៅថា សិក្ខា បុគ្គល​សមាទាន​ក្នុង​សិក្ខា​ទាំងឡាយ​នេះ ដោយសព្វគ្រប់ អស់​កាល​ទាំងពួង ដោយ​ប្រការ​ទាំងពួង អស់​កិច្ច​គ្រប់យ៉ាង មិន​មាន​សល់ ឥត​សេសសល់ ហើយ​ប្រព្រឹត្ត ព្រោះហេតុនោះ ទើប​ពោល​ថា សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637647453036360955
ទៅកាន់ទំព័រ៖